ពិធីធ្វើធ្មេញ
ពីបុរាណ ពិធីធ្វើធ្មេញនេះ ត្រវគេនិយមធ្វើមកច្រើនណាស់ ស្ទើរគ្រប់មនុស្ស ព្រោះគេយល់ថា បន្ទាប់ពីធ្វើធ្មេញរួច កូនស្រីរបស់គេ នឹង បានឡើងជានារីគ្រប់លក្ខណៈមានចរិយាល្អ ស្គាល់ខុសត្រុវ មនុស្សមា្នទាំងពួងទទួលស្គាល់ថានារីមានលក្ខណៈសម្បត្តិល្អប្រពៃ។ និយាយជារួមសង្គមខ្មែរពីដើម គេធ្វើធ្មេញទាំងបុរសផងដែរ ដើម្បីឲ្យបានជាបុរសគ្រប់លក្ខណៈ ចំពោះតែអ្នកមិនបានបួសប៉ុណ្ណោះ។ បើបានបួសហើយដល់ពេលរៀបអាពាហ៍ពិពាហ៍ មិនបាច់ធ្វើធ្មេញទេ។
ពិធីក្រាលអង្កររាប៖ ពិធីនេះបើកូនច្បង និង កូនពៅ យកអង្ករ ៦ តៅ ឯកូនកណ្តាលយកអង្ករ ៣ តៅ។ លោកអាចារ្យរៀបចំពិធីនៅល្វែងចន្ទឆៀងខាងត្បូង។ អាចារ្យរៀបចំក្រាលកន្ទេល រួចក្រលសំពត់សលើកន្ទេល រកនាឡិ ពែង ត្រល់សម្រាប់វាល់អង្ករ។ យាយខ្ញែយកនាឡិវាល់អង្កររាប់តាមអាយុ។កន្លែងខ្លះឲ្យកូនស្រីវាល់ ព្រោះពិធីនេះជាពិធីសង់ភូមិថ្មី បើកូនស្រីវាល់ ល្អប្រសើរជាង។ឯអង្ករនេះមិនត្រូវជូនអាចារ្យទេ ត្រូវទុក ព្រោះជារបស់មង្គល ។ កន្លែងខ្លះបែរជាជូនអាចារ្យវិញ។ ប្រហែលជាគេគ្មានអីជូន ឬយ៉ាងណា? វាល់អង្កររួចហើយ ម៉ែឪ បងប្អូនយកវត្ថុផ្សេងៗ មានមាស ប្រាក់ ត្រល់ ។ល។ ទៅកប់ក្នុងអង្ករដើម្បីផ្សងព្រេងវាសនាកូនស្រី។ យាយខ្ញែវាសអង្ករឲ្យរាបល្អជាបួនជ្រុង រួចទាញសំពត់សគ្របលើអង្ករ។ អ្នកភ្លេងបួនអ្នកឈរគ្រប់ចែងទាំងបួន ច្រៀងរាំខ្វែងអង្កររាប និង ខ្វែងពែង។ រៀបចំស្រេចហើយ អ្នកភ្លេងបួននាក់ ឈរចែងអង្ករទាំងបួន បែរមុខរកគ្នា ដៃចាប់ស្បូវភ្លាំងតាមចង្វាក់ភេ្លង។ ច្រៀងចប់ ដាក់ស្បូវភ្លាំងចុះ ដោយយកគល់ដាក់ចំចែង ខ្លួនឈរ និង ចុងទៅចែងម្ខាងទៀត។អ្នកទាំងបួននាក់ដាក់ដូចគា្ន ច្រៀងដូចគ្នា។ ច្រៀងចប់បន្តច្រៀងខ្វែងពែងទៀត។ អ្នកភ្លេងបួននាក់ឈរនៅចែងអង្កររាប់ កាន់ពែងស្រាមួយម្នាក់ មានស្រាពេញ ច្រៀងចប់មួយវគ្គផឹកបន្តិច រួចហុចពែងស្រាប្តូរគ្នាទៅមក។ ធ្វើបែបនេះបីដង។ បន្ទាប់មកលោកមេបាបង្គាប់ឲ្យនាំកូនស្រី មកអង្គុយលើអង្កររាប។ អ្នកភ្លេងម្នាក់មានសមេ្លងពិរោះ ឈរនៅមុខបន្ទប់កូនស្រី តោងខែ្សច្រៀងប្រាប់កូនស្រី អំពីពេលវេលា និង ករណីយកិច្ចកូនស្រីត្រូវធ្វើបន្តទៀត ស្រីសត្រឡុង ចេញមកពីក្នុងមកអង្គុយលើអង្កររាប ស្រីសសុភាពមកអង្គុយលើអង្កររាបបំពេញលក្ខណៈកូនស្រី។ ច្រៀងចប់យាយខ្ញែចាប់ដៃកូនស្រីមកអង្គុយលើអង្កររាប។ កូនស្រីអង្គុយហើយ លោកមេបាបញ្ជាឲ្យរៀបពិធីគាស់ខ្ញែរ។
Leave a Comment