ពិធីកាត់ចំណងដៃ

តាមគន្លងប្រពៃណី​ទំនៀម​ទម្លាប់ ពិធី​ចង​ដៃ​បាច​ផ្កា​ស្លា​ឱ្យ​ពរ​ជ័យ​កូន​កំលោះ​កូន​ក្រមុំ​តែង​​​បញ្ចប់​ទៅ​ដោយ​បន្សល់នូវ​អំបោះ​​ច្រើន​ខ្សែ ​ចងជាប់​​នឹងក​ដៃគូ​ស្វាមី​ភរិយា​រៀងៗខ្លួន។ អំបោះ​​ទាំង​នេះ ពេល​ខ្លះ​​​គេ​ប្រើ​ពណ៌ស តែ​ពេលខ្លះ​គេនិយម​ប្រើ​ពណ៌ក្រហម។ ​ការ​​ប្រើ​ពណ៌​ស ឬ​ក្រហម​ គឺ​អាស្រ័យ​លើ​ជំនឿ​បុគ្គល ដ្បិត​អ្នក​​មាន​ពូជពង្ស​វង្សត្រកូល​ជាប់សែ​ស្រឡាយ​ចិន​ គេច្រើន​​រាប់អាន​ពណ៌​ក្រហម ព្រោះ​​ជាពណ៌មង្គល​ក្នុង​ផ្នត់​គំនិតចិន។ ផ្ទុយ​មក​វិញ បើ​តាម​លំអាន​បុរាណាចារ្យខ្មែរ ក្នុង​ពិធីចងដៃលោក​ឱ្យ​ប្រើ​អំបោះ​ពណ៌ស ​ជា​អំបោះ​ឆៅ​មិន​ទាន់ជ្រលក់​ពណ៌ ព្រោះ​អំបោះនេះមាន​អត្ថន័យ​និង​ខ្លឹម​សារ​ជ្រៅក្នុង​អារ្យ​ធម៌ខ្មែរ ដែល​សព្វ​ថ្ងៃ​ជាតិ​សាសន៍​ក្បែរ​ខាង​យើង​គេនៅ​និយមរាប់​អាន​អំបោះ​ពណ៌សនេះក្រៃលែងណាស់។ ប៉ុន្តែផ្ទុយ​ទៅវិញ មាន​មួយភាគខ្លះ​ក្នុងសង្គមខ្មែរប្រែជាច្រឡំថា អំបោះពណ៌សប្រើតែក្នុង​ពិធីបុណ្យសពប៉ុណ្ណោះ។


No comments

Powered by Blogger.